នៅក្នុងចំណោមតារាកីឡាដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២៦ (2026 Aichi-Nagoya Asian Games) ខាងមុខនេះ កីឡាការិនីវាយសីវ័យក្មេងរបស់ជប៉ុន ម៉ាយ៉ា តាហ្គូឈី (Maya Taguchi) កំពុងតែទទួលបានការចាប់អារម្មណ៍ និងការជជែកវែកញែកយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ទូទាំងតំបន់អាស៊ី។
ម៉ាយ៉ា តាហ្គូឈី ដែលមានអាយុ ២១ ឆ្នាំ ត្រូវបានអ្នកគាំទ្រប្រសិទ្ធនាមឱ្យថាជា «ទេពអប្សរវាយសី»ដោយសារតែនាងមានទម្រង់មុខដ៏ស្លូតបូត ស្បែកសស្អាត និងរូបរាងខ្ពស់ស្រឡូនកម្ពស់ ១៦៥ សង់ទីម៉ែត្រ។ អ្វីដែលធ្វើឱ្យមហាជន និងអ្នកលេងបណ្តាញសង្គមជជែកគ្នាមិនដាច់ពីមាត់នោះ គឺរូបសម្រស់ដ៏ទាក់ទាញរបស់នាង ដែលមើលទៅដូចជាសមាជិកក្រុមចម្រៀង Idol របស់កូរ៉េខាងត្បូង។
អ្នកគាំទ្រជាច្រើនបានកត់សម្គាល់ឃើញថា នាងមានមុខមាត់ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងតារាចម្រៀង K-Pop ដ៏ល្បីគឺ ហាននី (Hanni សមាជិកក្រុម NewJeans) ដោយសារតែស្នាមញញឹមដ៏ស្រស់ស្រាយ និងភាពរស់រវើកបែបយុវវ័យ។ ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រផ្សេងទៀតប្រៀបធៀប ម៉ាយ៉ា ទៅនឹង ជុងយ៉ន (Jeongyeon សមាជិកក្រុម TWICE) ផងដែរ ដោយសារតែទម្រង់មុខដ៏មានមន្តស្នេហ៍ និងស្ទីលសក់ខ្លីដ៏គួរឱ្យស្រឡាញ់របស់នាង។ ភាពស្រដៀងគ្នានេះ បានធ្វើឱ្យប្រជាប្រិយភាពរបស់នាងផ្ទុះឡើងយ៉ាងលឿន មិនត្រឹមតែនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្បីល្បាញខ្លាំងដល់ប្រទេសឥណ្ឌូនេស៊ី និងបណ្តាប្រទេសផ្សេងទៀតក្នុងអាស៊ី។
ទោះបីជាមានរូបសម្រស់ស្រស់ស្អាតដូចតារាក៏ពិតមែន ប៉ុន្តែសមត្ថភាពលើទីលានរបស់ ម៉ាយ៉ា ក៏មិនធម្មតាដែរ។ កីឡាការិនីថ្នឹកដៃឆ្វេងរូបនេះ បានបង្កការភ្ញាក់ផ្អើលដល់ពិភពលោកតាំងពីអាយុ ១៨ ឆ្នាំ កាលពីឆ្នាំ ២០២៣ ដោយបានដណ្តើមមេដាយមាសលើវិញ្ញាសាវាយគូនារី ក្នុងកម្មវិធីជើងឯកពិភពលោកវ័យក្មេង (World Junior Championships) នៅសហរដ្ឋអាមេរិក។
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ២០២៤ នាងបានឈានជើងចូលប្រកួតក្នុងកម្រិតអាជីពលំដាប់មនុស្សពេញវ័យពេញលេញ ដោយបានចូលរួមជាមួយក្រុមវាយសីដ៏ល្បីឈ្មោះ ACT Saikyo Badminton Team នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ននេះ ចំណាត់ថ្នាក់ពិភពលោករបស់នាងបានហក់ឡើងទៅដល់លេខរៀងទី ៣០ (Mixed doubles)។
សម្រាប់ការប្រកួតកីឡាអាស៊ី (Asian Games 2026) ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី ១៩ ខែកញ្ញា ខាងមុខនេះ គណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) បានអនុម័តជាផ្លូវការក្នុងការជ្រើសរើស ម៉ាយ៉ា តាហ្គូឈី ឱ្យចូលរួមក្នុងក្រុមជម្រើសជាតិ ដោយនាងត្រូវចាប់គូប្រកួតជាមួយកីឡាកររៀមច្បង យូតា វ៉ាតាណាបេ (Yuta Watanabe) លើវិញ្ញាសាវាយគូចម្រុះ (Mixed Doubles) ដើម្បីស្វែងរកមេដាយមាសជូនជាតិនៅលើទឹកដីខ្លួនឯង។
អ្នកគាំទ្រ និងអ្នកស្នេហាវិស័យកីឡាវាយសីជាច្រើនកំពុងទន្ទឹងរង់ចាំមើលថា តើ «ទេពអប្សរវាយសី» ប្រើដៃឆ្វេងដ៏មានមន្តស្នេហ៍រូបនេះ នឹងអាចបង្កើតប្រវត្តិសាស្ត្រថ្មី និងដណ្តើមបេះដូងអ្នកទស្សនាបានកម្រិតណា នៅក្នុងព្រឹត្តិការណ៍ធំលំដាប់ទ្វីបមួយនេះ៕