បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រណាំងទូកជើងឯកថ្នាក់ជាតិ ឆ្នាំក្រោយនឹងមានទូកប្រពៃណីខ្មែរមួយចំនួនចូលរួមដែរ

ប្រណាំងទូកជើងឯកថ្នាក់ជាតិ ឆ្នាំក្រោយនឹងមានទូកប្រពៃណីខ្មែរមួយចំនួនចូលរួមដែរ

ដោយសម្លឹងឃើញអាត្រាចំនួនទូកចូលរួមប្រកួតក្នុងការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចេះតែមានកំណើនកើនឡើងទៅពីមួយឆ្នាំទៅមួយឆ្នាំ ហើយកាន់តែទាក់ទាញអ្នកទស្សនាមានកាន់តែច្រើន បន្ទាប់ពីបានបញ្ចូលទូកប្រភេទទូក”ង”បែបប្រពៃណីចំណុះ២២នាក់ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងបើកឱ្យទូកប្រពៃណីមួយចំនួនទៀតចូលរួមបន្ថែមនៅក្នុងព្រឹត្តិការណ៍ការប្រកួតថ្នាក់ជាតិមួយនេះចាប់ពីឆ្នាំ២០២៧ទៅ។ នេះបើតាមប្រសាសន៍ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

ឯកឧត្ដមប្រធានសហព័ន្ធមានប្រសាសន៍បែបនេះក្នុងកម្មវិធីបិទការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ នាល្ងាចថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៦ នាទន្លេវៃគោ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងទៀតថា ការប្រកួតកីឡាទូកជើងឯកថ្នាក់ជាតិរយៈពេល៣ថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការិនីជាប្រចាំរយៈពេល១ឆ្នាំកន្លងមក គួបផ្សំនឹងការតស៊ូព្យាយាម ការគោរពវិន័យប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តាមវិញ្ញាសានីមួយៗ។

ឯកឧត្តមប្រមុខសហព័ន្ធបានសង្កត់ធ្ងន់ថា កម្ពុជានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ប្រទេសជាតិ ហើយឯកឧត្តមបានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសហព័ន្ធបន្តជំរុញកិច្ចការមួយចំនួនបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតកម្រិតអន្តរជាតិនានា ជាពិសេសគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ខាងមុខនេះ។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តមបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ក្នុងនោះ ឯកឧត្តមបានជំរុញឱ្យ បន្តយកចិត្តទុកដាក់បើកវគ្គបណ្តុះបណ្តាលបង្កើនបរិមាណកីឡាករ កីឡាការិនីវ័យក្មេងនៅតាមសមាគមនានា ជាពិសេសប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ និងប្រភេទទូកកានូ កាយ៉ាក់ ទូកផ្កាចារ ទូករ៉ូអ៊ីង នៅទូទាំងប្រទេស។ បន្តពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងសហព័ន្ធ សមាគម-ក្លឹបនានាទូទាំងប្រទេស ក៏ដូចជាបន្តពង្រឹងគុណភាពរបស់គណៈកម្មការជំនាញនីមួយៗប្រកួតដោយការទទួលខុសត្រូវខ្ពស់។ ពង្រឹងបច្ចេកទេសរបស់មន្ត្រីអាជ្ញាកណ្តាល ចៅក្រមឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីរៀបចំគ្រប់គ្រងការប្រកួតនៅគ្រប់កម្រិត។ ស្វែងរកដៃគូឧបត្ថម្ភគាំទ្របន្ថែមទៀតក៏ដូចជាបន្តជំរុញការផ្សព្វផ្សាយការប្រកួត និងសកម្មភាពកីឡារបស់សហព័ន្ធ ដើម្បីទាក់ទាញពីវិស័យឯកជន មហាជនឱ្យកាន់តែផុសផុលបន្ថែមទៀត។

ជាមួយគ្នានេះត្រូវបន្តបំផុសចលនាកីឡាឱ្យមហាជនកាន់តែយល់អត្ថន័យនៃកីឡារស់ក្នុងសន្តិភាពឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀនផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានសមាគម-ក្លឹបកីឡាប្រណាំងទូក ក្រសួងស្ថាប័ន រាជធានី-ខេត្តចូលរួមសរុប ៣៤ក្រុម សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមានចំនួន ៨៤២នាក់ ដោយសហព័ន្ធបានដាក់ប្រភេទកីឡាចំនួន៦ប្រភេទ លើវិញ្ញាសាចំនួន៨ ដូចជា ទូកង ផ្នែកបុរស ទូកនាគ បុរស-នារី ទូកផ្កាចារ បុរស-នារី ទូកកានូ បុរស ទូកកាយ៉ាក់ បុរស និងទូករ៉ូអ៊ីង បុរស៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា