ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃពេញនៃព្រឹត្តិការណ៍កីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នាសាលដំបូងទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុមកីឡាការ៉ាតេកងយោធពលខេមរភូមិន្ទដណ្ដើមមេដាយសរុបច្រើនជាងគេក្នុងចំណោមសមាគមក្លិបចូលរួមទាំង២៧។
ជាលទ្ធផលនោះ គឺក្រុមកីឡាការ៉ាតេនៃកងយោធពលខេមរភូមិន្ទទទួលបានមេដាយសរុបចំនួន ២៦គ្រឿងដែលក្នុងនោះមានមេដាយមាសចំនួន ១៦ គ្រឿង មេដាយប្រាក់ចំនួន ៧ គ្រឿង និងមេដាយ សំរឹទ្ធ៣ គ្រឿង។
ក្នុងពិធីបិទឯកឧត្ដម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាង ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះទាំងសន្ទុះការចូលរួម និងគុណផលរបស់កីឡាករកីឡាការិនី ក៏ដូចជាការខិតខំរៀបចំបានយ៉ាងល្អពីមន្ត្រីបច្ចេកទេសគ្រប់រូប។
ឯកឧត្ដមអនុប្រធានសង្កត់មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ជាផ្នែកមួយនៃគោលការណ៍រួមទាំង ០៥ សម្រាប់កំណត់ ទិសដៅអនាគតនៃការអភិវឌ្ឍកីឡាការ៉ាតេរបស់កម្ពុជា ដែលកើតចេញពីការយកចិត្តទុកដាក់ ខ្ពស់, ឯកភាព, សាមគ្គីភាពផ្ទៃក្នុង, ការចូលរួមប្រកបដោយឆន្ទៈ, និងស្មារតីបុរេសកម្មពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់, ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។
ឯកឧត្ដម សាមឺឌី ស៊ីវឌ្ឍនា ក៏បានរំឭកពីអនុសាសន៍គន្លឹះរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងការអភិវឌ្ឍសហព័ន្ធ និងធនធានកីឡាករ កីឡាការិនី ក៏ដូចជាគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសផងដែរ។ ក្រៅពីនេះ ការជំរុញសកម្មភាពកីឡាការ៉ាតេដល់មហាជនដើម្បីលើកស្ទួយសុខភាពសាធារណៈក៏ត្រូវបានលើកឡើងដូចគ្នា។
បើតាមរបាយការណ៍ពីលោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ការប្រកួតឆ្នាំនេះមានសាលាគុន សមាគម ក្លឹប ចំនួន ២៧ និង កីឡាករចំនួន ១៧៦នាក់ កីឡាការិនីចំនួន ១៥៨នាក់ គ្រូបង្វឹកចំនួន ៥៩នាក់ ប្រតិភូដឹកនាំ ៣១នាក់ មន្ត្រីផ្លូវការចំនួន ២៤នាក់ អាជ្ញាកណ្ដាល ចៅក្រម ចំនួន ១៥នាក់ សរុបចំនួន ៤៦៣នាក់ ។
កាលពីជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួនតែ ៣៥២នាក់ប៉ុណ្ណោះ ហេតុដូចនេះ ការចូលរួមជ្រើសរើសជើងឯក ឆ្នាំ២០២៥នេះ មានការកើនឡើងចំនួន ១១១នាក់។
សម្រាប់វិញ្ញាសាប្រកួតមានចំនួន២ គឺ វិញ្ញាសាកាតា (Kata) និងវិញ្ញាសា
ប្រយុទ្ធ (Kumite) ដែលចែកចេញជា ៦៦វិញ្ញាសាតូចៗ ហើយបែងចែកតាមកម្រិតអាយុមានចាប់ពី៨ឆ្នាំដល់៣២ឆ្នាំ៕





















