ព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦” (RUN BY HEART 2026, 3RD EDITION) គឺជាព្រឹត្តិការណ៍សប្បុរសធម៌ដ៏មានអត្ថន័យ ដែលរៀបចំឡើងដោយក្រុមការងារ RUN_WITH_SAI សហការជាមួយអង្គការសាលារៀនទន្សាយ និងទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនធានារ៉ាប់រង Dai-ichi Life Cambodia។
ថវិកាទាំងអស់ដែលទទួលបានពីការចុះឈ្មោះ និងការបរិច្ចាគ នឹងត្រូវប្រគល់ជូនអង្គការសាលារៀនទន្សាយ ដែលជាសាលាផ្តល់ការថែទាំ និងបង្ហាត់បង្រៀនដល់កុមារអូទីស្សឹមនៅរាជធានីភ្នំពេញ ដើម្បីបន្តបេសកកម្មដ៏មានតម្លៃនេះ។
បន្ទាប់ពីពិធីបើកជាផ្លូវការ លោក សាយ ស្ថាបនិក RUN_WITH_SAI បានចែករំលែកចំណាប់អារម្មណ៍ និងគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ ដោយបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរត់ប៉ុណ្ណោះទេ ប៉ុន្តែជាការរត់ដោយបេះដូង ដើម្បីចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ទៅកាន់កុមារដែលត្រូវការជំនួយពិសេស។
កម្មវិធីត្រូវបានបែងចែកជា ២ប្រភេទ៖
១. កម្មវិធីរត់ចម្ងាយ (Virtual Run)
មាន ៣វិញ្ញាសា៖ ៣គីឡូម៉ែត្រ, ៧គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ។ អ្នកចូលរួមអាចរត់នៅទីតាំងណាមួយដែលខ្លួនពេញចិត្ត ក្នុងរយៈពេលកំណត់ ដោយប្រើកម្មវិធីទូរស័ព្ទវាស់ចម្ងាយ និងពេលវេលា ហើយផ្ញើលទ្ធផលមកគណៈកម្មការដើម្បីទទួលមេដាយអនុស្សាវរីយ៍។
២. កម្មវិធីពិសេស “RUN BY HEART”
វិញ្ញាសាពិសេសនេះ សម្រាប់ភ្ញៀវកិត្តិយសដែលបានអញ្ជើញ និងអ្នកបរិច្ចាគចាប់ពី ២០០,០០០ រៀល (ឬ ៥០ ដុល្លារ) ឡើងទៅ។ អ្នកចូលរួមនឹងរត់ជាក្រុមជាមួយកុមារអូទីស្សឹម ចម្ងាយ ៤០០ម៉ែត្រ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ។ ក្រុមដែលបញ្ចប់ការរត់ នឹងទទួលបានមេដាយអនុស្សាវរីយ៍ពិសេស។
កម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ការរត់ពីចម្ងាយ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ2026 ដែលអ្នកចូលរួមអាចរួមរត់ពីកន្លែងណាក៏បាន ដើម្បីគាំទ្រកុមារមានតម្រូវការពិសេស ជាពិសេសគឺកុមារអូទីស្សឹម។
តាមរយៈព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំសង្ឃឹមថា សាធារណជននឹងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពអូទីស្សឹមនៅកម្ពុជា និងយល់ដឹងពីការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន និងឪពុកម្តាយ ដែលបានលះបង់យ៉ាងខ្លាំងក្នុងការថែទាំ និងអភិវឌ្ឍសមត្ថភាពកុមារទាំងនេះ។