ដោយមានការសំណូមពរពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងសក្ដានុពលនៃតំបន់ឆ្នេរ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុ អាចនឹងពង្រីកវិសាលភាពទៅជាការប្រកួតម៉ារ៉ាតុងពេញលេញតែម្ដង ពោល ៤២គីឡូម៉ែត្រ ឬ Full Marathon នៅឆ្នាំខាងមុខ។ នេះជាការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុចង់ឱ្យព្រឹត្តិការណ៍នេះក្លាយជាទៅ Full Marathon តែម្ដង ព្រោះតែជោគជ័យនៃកំណើនអ្នកចូលរួមយ៉ាងលើសលប់ក្នុងឆ្នាំ២០២៦នេះ ពោលដល់ទៅជាង១៥០០០នាក់។
ជាការឆ្លើយតប គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងពិនិត្យមើលសំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករត់មកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ គណៈកម្មាការរៀបចំក៏មានមហិច្ឆតាធ្វើឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅសម្រាប់អ្នករត់ទូទាំងពិភពលោក ពីព្រោះនៅតំបន់អាស៊ី ពុំទាន់មានប្រទេសណារៀបចំការប្រកួតរត់ប្រណាំងលើបណ្ដោយឆ្នេរដ៏វែងបែបនេះទេ។ ឯកឧត្ដម វ៉ាត់ ចំរើន សង្ឃឹមថា ចំនួនអ្នកចូលរួមនឹងអាចកើនឡើងដល់៣០០០០ទៅ៤០០០០នាក់នាពេលអនាគត។
ជុំវិញកំណើនអ្នកចូលរួមនេះដែរ ថ្នាក់ដឹកនាំ NOCC មានប្រសាសន៍ថា ឯកឧត្ដមអភិបាលខេត្តបានរៀបចំវិធានការ និងការជំរុញបន្ថែម ដោយបានកៀរគរប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងខេត្តចូលរួម ដែលជាកត្តាដ៏សំខាន់ធ្វើឱ្យចំនួនអ្នកចូលរួមកើនឡើងខ្លាំង ពោលទទួលបានដល់ទៅខ្ទង់១៥០០០នាក់ ខណៈការរំពឹងមានត្រឹមប្រមាណ៤០០០នាក់ប៉ុណ្ណោះ។ ក្នុងនោះអ្នករត់មកពីរាជធានីភ្នំពេញមានខ្ទង់២០០០នាក់ និងអ្នកខេត្តព្រះសីហនុមានជិត១០០០០នាក់។
នេះជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមកសម្រាប់ចំនួនអ្នកចូលរួមដែលកើនដល់ទៅជាង១០០០០នាក់បែបនេះ។ ចំណែកអ្នករត់ក្នុងព្រឹត្តិការណ៍ឆ្នាំទៅមិញមានប្រមាណ៤០០០នាក់។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថានតំបន់ឆ្នេរ ក្នុងនាមសមាជិកក្លិបឆ្នេរស្អាតជាងគេលើពិភពលោក និងផ្សារភ្ជាប់ទៅនឹងសកម្មភាពសប្បុរសធម៌ តាមរយៈការកៀរគរថវិកាបានពីការរៀបចំ បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ និងអង្គការដៃគូមួយចំនួន។ ជាមួយគ្នានេះ ការបំផុសចលនាប្រជាពលរដ្ឋរស់នៅបែបសកម្ម ជាមួយទម្លាប់លេងកីឡា ក៏ជាគោលបំណងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ។
សម្រាប់វិញ្ញាសារត់ គឺមានចំនួន ៤ រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ដែលចេញដំណើរ និងបញ្ចប់វិញនៅតំបន់ឆ្នេរអូឈើទាល៕