កម្ពុជាបានសម្រេចបញ្ជូនអត្តពលិកចំនួន៤ប្រភេទកីឡាដែលមានជឺជីតស៊ូ ទ្រីអាត្លុង បាល់ទាត់លើតុ និងចំបាប់ ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ី ឆ្នាំ២០២៦ នៅក្រុង Sanya នៃសាធារណរដ្ឋប្រជាមានិតចិនដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ដល់ថ្ងៃទី៣០ ខែមេសា។

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នេះជាលើកទី៦ហើយដែលក្រុមអត្តពលិកជម្រើសជាតិកម្ពុជាបានចូលរួមព្រឹត្តិការណ៍លើឆ្នេរខ្សាច់។ អ្វីដែលខុសប្លែកពីលើកមុនៗ គឺការចូលរួមឆ្នាំនេះ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបញ្ជូនអត្តពលិកតែ៤ប្រភេទកីឡាប៉ុណ្ណោះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយចំណាយ។ ឯកឧត្ដមសង្ឃឹមថា កម្ពុជានឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្តវិលត្រលប់មកមាតុភូមិវិញ។
ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ឱកាសដល់ក្រុមអត្តពលិកចូលរួមប្រកួត ទោះបីកាលៈទេសៈសេដ្ឋកិច្ចសកលមិនសូវអំណោយផល ដើម្បីរក្សាបាននូវសិទ្ធិជាសមាជិកភាពរបស់ចលនាអូឡាំពិកអាស៊ី ហើយក៏នឹងពិនិត្យលទ្ធភាពក្នុងការចូលរួមនៅ៤ឆ្នាំទៀត នៅក្រុង Cebu ប្រទេសហ្វីលីពីន។
សូមរំឭកថា ក្នុងការចូលរួមលើកចុងក្រោយបង្អស់ កម្ពុជាទទួលបានមេដាយមាស៦គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ៩គ្រឿងពីព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ី កាលពីឆ្នាំ២០១៦ ដែលពេលនោះបានប្រព្រឹត្តទៅនៅក្រុង Da Nang ប្រទេសវៀតណាម៕