ភ្នំពេញ៖ ទោះបីជាមិនទាន់មានឈ្មោះប្រកួតសម្រាប់សប្តាហ៍នេះ ប៉ុន្តែកីឡាករវ័យក្មេងមកពីខេត្តបាត់ដំបង ធន់ សាក់ស៊ីន មិនបានទុកពេលវេលាឱ្យកន្លងផុតទៅដោយឥតប្រយោជន៍ឡើយ។ សិស្សគុនរបស់លោកគ្រូ ធន់ សុភា រូបនេះ នៅតែបង្ហាញវត្តមានយ៉ាងសកម្មនៅក្នុងក្លិបហ្វឹកហាត់ ដើម្បីដុសខាត់អាវុធ និងពង្រឹងកម្លាំងស៊ុហ្វឱ្យកាន់តែរឹងមាំ។
ថ្លែងប្រាប់ក្រុមការងារ AMS Sports នៅកន្លែងហ្វឹកហាត់ ដែលមានទីតាំងស្ថិតនៅជិតភ្នំបាសិត ខេត្តកណ្តាល សាក់ស៊ីន បានទម្លាយថា ការរក្សាវិន័យក្នុងការហ្វឹកហាត់ជាប់ជាប្រចាំ គឺជាគន្លឹះសំខាន់បំផុតសម្រាប់អ្នកប្រដាល់។ គេបានបញ្ជាក់ថា៖”ការហ្វឹកហាត់ជាប់ ជួយឱ្យរាងកាយខ្ញុំរឹងមាំ ស្ទុះ និងមានភាពធន់ខ្ពស់។ នៅពេលយើងមានសាច់ដុំរឹងមាំ យើងមិនងាយស្រុតចុះពេលដៃគូវាយត្រូវ ហើយអ្វីដែលសំខាន់ គឺរាល់អាវុធដែលយើងចេញទៅ ក៏មានទម្ងន់ធ្ងន់ទៅតាមនោះដែរ”។
កាលពីពេលកន្លងទៅ សាក់ស៊ីន ធ្លាប់បានសម្រេចបំណងប្រាថ្នាក្នុងការជួបជាមួយកីឡាករកំពុងឡើងកូដ ពេជ្រ អទិទេព នៅសង្វៀនគ្រុឌគុនខ្មែរ។ ទោះបីជាលទ្ធផលបញ្ចប់ទៅដោយការចាញ់ពិន្ទុបន្ទាប់ពីតស៊ូយ៉ាងស្វិតស្វាញពេញ ៣ ទឹកក៏ដោយ ក៏យុវជនរូបនេះមិនមានការបាក់ទឹកចិត្តឡើយ។ផ្ទុយទៅវិញ សាក់ស៊ីន ចាត់ទុកការចាញ់ក្រោមស្នាដៃសិស្សលោកគ្រូ ពេជ្រ សុផាន់ គឺជាការវាស់ស្ទង់សមត្ថភាពរបស់គេទៅវិញ ។ រូបគេទទួលស្គាល់ថា ខ្លួននៅមានគម្លាតសមត្ថភាពបន្តិចបន្តួច បើធៀបនឹង អទិទេព ខណៈពីមុនធ្លាប់តែគិតថា កណ្តាប់ដៃខ្លួនឯងធ្ងន់ហើយ តែពេលប៉ះអ្នកខ្លាំងដែលមានរាងកាយធន់ដូច អទិទេព ទើបដឹងថាត្រូវតែខំប្រឹងជាងនេះទៀត។ការសងសឹកគឺជាគោលដៅ ប៉ុន្តែការសងសឹកដោយបញ្ញាគឺជាផ្លូវដែល សាក់ស៊ីន ជ្រើសរើស។ រូបគេបានបង្ហើបថា គេពិតជាចង់ជួប ពេជ្រ អទិទេព ម្តងទៀត ដើម្បីជម្រះបញ្ជីចាស់ ប៉ុន្តែមិនមែនក្នុងពេលឥឡូវនេះឡើយ។សាក់ស៊ីន បានដាក់កំហិតលើខ្លួនឯងយ៉ាងច្បាស់លាស់ថា “ក្នុងរយៈពេលមិនឱ្យលើសពី១ ឆ្នាំ” រូបគេនឹងខំដុសខាត់សមត្ថភាពឱ្យដល់កម្រិតកំពូល ដើម្បីត្រលប់មកសងសឹកវិញឱ្យខាងតែបាន។