ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវ៉ូវីណាមអាស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាមិនត្រឹមតែផ្ដោតលើការធ្វើឱ្យបាននូវបច្ចេកទេសល្អប៉ុណ្ណោះទេ តែក៏ជាឱកាសដើម្បីផ្សព្វផ្សាយទេសចរណ៍ជាតិទៅកាន់បណ្ដាប្រទេសដែលចូលរួមប្រកួតប្រជែងផងដែរ។ នេះបើតាមប្រសាសន៍ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា តំណាងឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ។
ឯកឧត្ដមអនុប្រធានរំពឹងថា កីឡាករ កីឡាការិនីដែលចូលរួមនឹងពេញចិត្តរីករាយក្នុងការប្រកួតនៅកម្ពុជា និងអាចបន្តផ្សព្វផ្សាយទៅកាន់ប្រទេសពួកគេ។
ទន្ទឹមនឹងនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាសូមស្វាគមន៍រាល់ការឧបត្ថម្ភពីក្រុមហ៊ុននានាមិនតិចក្ដី ច្រើនក្ដី ក្នុងដំណើរឈានទៅឆ្ពោះទៅរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ ក្នុងខែវិច្ឆិកា ខាងមុខ។
គិតត្រឹមពេលនេះ មានជាង២០ប្រទេស ស្មើនឹងជាង២០០អត្តពលិក ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍វ៉ូវីណាម ជើងឯកអាស៊ី ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាលើកដំបូងហើយដែលសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី៕